សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា ផ្ទៃក្នុងអាស៊ានរឹងមាំ គឺដោយសារគោលការណ៍កុងសង់ស៊ីសនិងការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាពិសេសក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈសុន្ទរកថាពិសេសថ្លែងទៅកាន់វេទិកាចំណេះដឹងពិភពលោក ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន» សម្ដេចតេជោបានលើកឡើងថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ដែលធ្វើការផ្អែកលើកុងសង់ស៊ីស ដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា។ សម្ដេចតេជោបានគូសបញ្ជាក់ថា ការសម្រេចដោយកុងសង់ស៊ីសនិងការមិនជ្រៀតជ្រែកប្រទេសផងគ្នា គឺជាគោលការណ៍និងជាកត្តាចម្បងពីរសំខាន់ដែលញ៉ាំងឱ្យអាស៊ានអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត។ មួយវិញទៀត ប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូចឬធំ មានឬក្រ ហើយមានលទ្ធភាពពេញលេញក្នុងការចូលរួមកសាងសហគមន៍មួយដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា រយៈពេល ៦០ ឆ្នាំមកនេះ អាស៊ានបានជួបបញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ ផ្ទុយទៅវិញគឺអាស៊ានឆ្ពោះទៅមុខជានិច្ចនិងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់របស់អាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និង អំណាចកោះប្រជុំរបស់អាស៊ានដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែង រហូតមកដល់ពេលនេះ មាន ៥៤ ប្រទេសហើយដែលបានក្លាយជាភាគីសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានស្ថានទូតប្រចាំតំបន់អាស៊ានរហូតដល់ ៩៥ សប្រទេសផងដែរ៕ |
Powered by 2021